រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរព័ត៌មានខេត្តកណ្ដាល បានប្រជុំត្រួតពិនិត្យ លើការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋ

+++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ លើការងាររៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទៅលើការរៀបចំការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមច្បាប់កំណត់។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចាប វន្នី បានតំរូវឱ្យការិយាល័យទាំង៥ របស់មន្ទីរ រួមមាន៖ ការិយាល័យរដ្ឋបាល គណនេយ្យ ការិយាល័យទូរទស្សន៍ ការិយាល័យវិទ្យុ ការិយាល័យ AKP និងការិយាល័យសោទស្សន៍ ត្រូវធ្វើបញ្ជីទ្រព្យសម្បត្តិរដ្ឋដែលខ្លួនគ្រប់គ្រង ដូចជាសម្ភារបរិក្ខារ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់​ផ្សេងៗ​ទៀត បញ្ជូនមកឱ្យមន្ទីរតាមកាលកំណត់ ដើម្បីធ្វើការចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ជៀសវាងការក្លែងបន្លំដោយ​ចេតនា​ណាមួយ និងជៀសវាងពីការរំលោភលើការកាន់កាប់ដោយខុសច្បាប់ ឬការបាត់បង់ដោយប្រការណាមួយ ដោយសារការមិនបានចុះក្នុងបញ្ជីបានត្រឹមត្រូវ។

ឯកឧត្តម ចាប វន្នី បានបន្ថែមថា ការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋនេះ ក៏មានគោលបំណងសំខាន់មួយទៀតដែរ គឺដើម្បីជម្រះបញ្ជីសារពើភណ្ឌ ដែលចាស់ទ្រុឌទ្រោម សម្ភារដែលប្រើប្រាស់​លែង​កើតចេញពីបញ្ជីឱ្យអស់ ជៀសវាង កុំឱ្យមានតែតួលេខក្នុងបញ្ជី តែធាតុពិតពុំមានសម្ភារ​ទាំងអស់នោះ​ឡើយ។ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានមន្ទីរក៏បានជំរុញដល់ការិយាល័យទាំង៥ និងមន្ត្រីទាំងអស់ ត្រូវគោរពវិន័យ និងមានឆន្ទៈម្ចាស់ការខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ត្រូវពង្រឹងសមត្ថភាពបន្ថែមឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបបានទៅនឹងទំហំការងារក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវធ្វើឱ្យបានរហ័ស មានគុណភាព អាចទុកចិត្តបាន និងមានការទទួលខុសត្រូវផងដែរ។

អត្ថបទទាក់ទង