ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្រ ចាស់ជរា រស់នៅជាមួយមេរោគអេដស៍ មកពីឃុំ-សង្កាត់ចំនួន១៤ ក្នុងនោះស្រុកស្អាងចំនួន១០ឃុំ និងក្រុងតាខ្មៅ៤សង្កាត់ សរុបចំនួន ២៩៦នាក់ នៅក្នុងបរិវេណវត្តត្រពាំងឈូក ស្រុកស្អាង។មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ ជានិច្ខកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ឯកឧកត្តមបានបន្ថែមថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ពីសុខទុក្ខចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំសុខភាព និងផ្តល់ថ្នាំព្យាបាលឲ្យកាន់តែប្រសើរថែមទៀត ។អំណោយមនុស្សធម៌ដែលសាខា បានចែកជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅជាមួយមេរោគអេដស៍ ក្នុង១ម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀល ៕