លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល អំពាវនាវដល់ ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ចូលការពារបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាកេរដំណែលបុព្វបុរសខ្មែរយើងបានបន្សល់ទុករាប់តំណមនុស្ស និងបន្តផ្សព្វផ្សាយឱ្យទូលំទូលាយ រួមចំណែកថែរក្សាវប្បធម៌ជាតិឱ្យបានគង់វង្ស។ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានអំពាវនាវបែបនេះនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ និងបញ្ជ្រាបការយល់ដឹង អំពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។ លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បន្តថា៖ ជាការពិតណាស់ ការថែរក្សា ការពារ ស្ថានីយបុរាណ វត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដទៃទៀត មិនមែនត្រឹមតែជាភារកិច្ចរបស់ក្រសួងវប្បធម៌ ឬអាជ្ញាធរខេត្ត ស្រុក ឃុំ តែម្ខាងនោះទេ គឺទាមទារមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ក្នុងមូលដ្ឋាន ហើយការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះដែរ គឺដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីជាតិយើងទាំងមូល ដែលរក្សាបាននូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ ដែលបានកកើតតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឱ្យជាតិសាសន៍ណាមកបំភ្លៃបានឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅទីនេះ ហើយកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ បន្តសិក្សា ស្រាវជ្រាវឱ្យបានកាន់តែស៊ីជម្រៅនូវប្រវត្តិសាស្ត្ររបស់ជាតិយើង។ លោកស្រី ប្រធានមន្ទីរ បន្ថែមថា៖ ការផ្សព្វផ្សាយច្បាប់នេះ គឺសំដៅលើកកម្ពស់ការយល់ដឹងក្នុងកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ រួមចំណែកអភិរក្ស ថែរក្សាឱ្យបានគង់វង្សនូវកេរដំណែលវប្បធម៌របស់បុព្វបុរសយើង ដែលបានកសាងទុកជាតឹកតាងប្រវត្តិសាស្ត្រ អំពីការកកើត ជីវភាពរស់នៅ ការវិវឌ្ឍន៍ពីសម័យកាលមួយទៅសម័យកាលមួយនៃដូនតាខ្មែរយើង។ លោក ជា យូឡេង អភិបាលរងស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា៖ នៅក្នុងស្រុកខ្សាច់កណ្ដាល មានប្រាសាទមួយគឺប្រាសាទរកាជន្លឹង និងមានស្ថានីយ បុរាណចំនួន ១៧០ ស្ថានីយ ហើយក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកខ្សាច់កណ្ដាល មានការសហការជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានចុះធ្វើប្លង់ជាប្រព័ន្ធស្ថានីយបុរាណដែលមានរហូតដល់ ៥០ ស្ថានីយ។ ក្នុងនោះនៅក្នុងយើង ក៏មានវត្តបុរាណចំនួន ២៩វត្ត និងវត្ថុបុរាណមួយចំនួនផងដែរ។