រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាក់ស្រុកដោយប្រថុយប្រថាន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ

+++++++ខេត្តកណ្តាល៖លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្តាលបានបើកវេទិកាកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជូញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅសាលាឃុំដីឥដ្ឋ។ លោកស្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប បានបញ្ជាក់ពីគោលបំណងនៃការបើកវេទិកានេះឡើង គឺដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។

លោកស្រី ឈឹម វណ្ណនី បានលើកឡើងថា៖ ក្រោមការដឹកនាំចង្អុលបង្ហាញទិស របស់ឯកឧត្តមអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយបានជម្រុញ ពង្រឹងការអនុវត្តការងារ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ អនុវត្តការងាររួមគ្នា បង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព។ លោកស្រី ក៏បានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ពីផលប៉ះពាល់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេខ្យល់តាមគ្រប់រូបភាព។ ត្រូវរាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍​ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណា មកឃោសនា។

ចូលរួមសាមគ្គីសហការគ្នា ជួយគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។ ចូររួមអនុវត្ត ភូមិឃុំ មានសុវត្ថិភាព និងត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ។ ក្នុងឱកាសនោះ លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ បានថ្លែងថា៖ដោយមានការយកចិត្តទុកដាក់ដឹកនាំជាប្រចាំ ទាំងការឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរស្រុក ព្រមទាំងបណ្តាមន្ទីរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួនបានសហការយ៉ាងជិតស្និត ក្នុងការអនុវត្តការងារបានល្អប្រសើរ។ ក្នុងនោះការងារផ្សព្វផ្សាយ និងទប់ស្កាត់ បានចំនួន ៣៦១លើក វេទិកាសាធារណៈបានចំនួន៣៦៥លើក ការងារអន្តោប្រវេសន៍ ចំណាកស្រុកក្រៅប្រទេស មានចំនួន ៦២៨នាក់ ប្រុស២៩៦នាក់ ចំណាកស្រុកក្នុងប្រទេស មានចំនួន៧០៥នាក់ ប្រុស៤០៤នាក់ និងបានសហការជាមួយនគរបាល ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពតាមរយៈមិទ្ទីញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រជាការពារ និងច្បាប់ស្តីពីការជួញដូរស្ត្រី និងកុមារ ច្បាប់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន បានចំនួន ២២៤លើក សរុបអ្នកចូលរួម២៨,៣៨១នាក់៕

អត្ថបទទាក់ទង