រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ព្រះសង្ឃគង់នៅអាស្រមទួលព្រះធាតុ និងប្រជាពលរដ្ឋរស់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ថ្លែងអំណរគុណ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានសម្របសម្រួលបើកផ្លូវ និងធ្វើផ្លូវបេតុងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរចេញចូលអាស្រមទួលព្រះធាតុ

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបើកផ្លូវមួយកន្លែងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សម្រាប់មកធ្វើបុណ្យនៅអាស្រមទួលព្រះធាតុ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សូមបញ្ជាក់ផងដែរថា កន្លងមកពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មកធ្វើបុណ្យ ដាក់ទាននៅអាស្រមទួលព្រះធាតុ ដោយធ្វើដំណើរឆ្លងកាត់តាមដីរបស់គេ ពុំមានលំអានផ្លូវដើរពីមុនមកទេ បន្ទាប់មកម្ចាស់ដីបានលើកទំនប់ព័ទ្ធព្រំដី ហើយប្រជាពលរដ្ឋនៅទីនោះបានធ្វើដំណើរតាមទំនប់នោះរហូតមក។ ហើយកន្លងទៅថ្មីៗនេះ ម្ចាស់ដីបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេ ទើបធ្វើឱ្យប្រជាពលរដ្ឋមិនមានផ្លូវចេញចូលនៅអាស្រមទួលព្រះធាតុនេះបាន ទើបស្នើសុំដល់អាជ្ញាធរស្រុកមុខកំពូល ពិសេសឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីដោះស្រាយ និងបើកផ្លូវជូនពួកគាត់សម្រាប់ធ្វើបុណ្យដាក់ទាននៅអាស្រមទួលព្រះធាតុនេះ។ បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ម្ចាស់ដីលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ និងឈ្មោះ ងួន ស៊ាង បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ សម្រាប់ធ្វើការបើកផ្លូវ ដើម្បីចូលមកអាស្រមទួលព្រះធាតុ។ ទន្ទឹមនឹងការយល់ព្រមបើកផ្លូវរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរស្រុកមុខកំពូល ត្រូវធ្វើការត្រួសត្រាយបើកផ្លូវ ចាក់ដីលើកឱ្យខ្ពស់ផុតពីទឹក ព្រមទាំងក្រាលគ្រោះ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរជាបណ្ដោះអាសន្ន ក្នុងនោះដែរនៅពេលក្រាលគោះរួចត្រូវបំពាក់សូឡាអមសងខាងផ្លូវចូលដើម្បីបំភ្លឺជូនប្រជាពលរដ្ឋផងដែរ។ នៅពេលផ្លូវនេះមានគ្រឹះមាំរួចហើយ ផ្លូវនេះត្រូវធ្វើការចាក់បេតុងឱ្យបានស្អាតជូនប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) និងម្ចាស់ដីឈ្មោះ ងួន ស៊ាង ដែលបានបរិច្ចាគដី សម្រាប់បើកផ្លូវចូលអាស្រមទូលព្រះធាតុ ដែលជាការបរិច្ចាគមួយដ៏ធំធេងជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទសម្រាប់ធ្វើបុណ្យនៅវត្តទួលព្រះធាតុនេះ។

អត្ថបទទាក់ទង