++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថាពិធីបញ្ចប់បឋមសិលាសាងសង់អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយដែលមានសារៈសំខាន់បំផុត ក្នុងការអប់រំដល់កុមារអូទីស្សឹម ឬកុមារខ្សោយសតិបញ្ញា ឱ្យទទួលបានចំណេះដឹង និងបំណិនជីវិតប្រចាំថ្ងៃដូចជា ចេះស្លៀកពាក់ ងូតទឹក ញាំបាយ ការគ្រប់គ្រងអាកប្បកិរិយា រៀននិយាយ និងការទំនាក់ទំនងក្នុងសង្គមជាដើម ។
នាឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើទៅកាន់ឪពុក-ម្តាយ ឬអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ដល់កូនៗចាប់តាំងពីថ្ងៃកើតកុំបណ្តែតបណ្តោយ ឱ្យកូនក្លាយជាក្មេងអូទីហ្សឹម ឬខ្សោយសតិបញ្ញា។ អូទីហ្សឹមអាចកើតលើកុមារ ពីអាយុ២៤ទៅ៣៦ខែ ឪពុក-ម្តាយត្រូវចំណាយពេលវេលា ដើម្បីនៅជាមួយកូនឱ្យបានជាប់លាប់ ដើម្បីបានហាត់បង្រៀនកូនៗឱ្យចេះនិយាយស្ដី លេងជាមួយកូនៗដើម្បីបង្កើនភាពស្និទ្ធស្នាល និងព្យាយាមនិយាយលេងជាមួយកូនជាប្រចាំ ជាពិសេសមិនត្រូវបណ្ដែតបណ្ដោយឱ្យក្មេងតូចៗមិនទាន់គ្រប់អាយុៗលេងទូរសព្ទច្រើននោះឡើយ។
ថ្លៃងក្នុងពិធីនេះដែរ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ ពោលគឺបានចាត់ទុកពួកគេដូចជាកូនបង្កើតរបស់ខ្លួន។ឯកឧត្តម បានបញ្ជាក់ថា សិស្សានុសិស្ស ដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹមនេះ មានការពិបាកបង្រៀនណាស់ បើប្រៀបធៀប ទៅនិងសិស្សានុសិស្ស ពិការភាព ដទៃទៀត ដែលទាមទារ មានការអត់ធ្មត់ ខ្ពស់បំផុត ពីលោកគ្រូ-អ្នកគ្រូ ទើបទទួលបានជោគជ័យ ។ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានឱ្យដឹងថា សព្វថ្ងៃនេះវិទ្យាល័យមានអាគារសិក្សាចំនួន ២ខ្នងស្មើនឹង ១៣បន្ទប់ មានបន្ទប់កុងតឺន័រចល័តចំនួន ៨បន្ទប់ និងនៅសាលាឧបសម្ព័ន្ធទាំងបីទីតាំងមានចំនួន ៨បន្ទប់។មានបុគ្គលិកនិងគ្រូបង្រៀនសរុប ៦៣ នាក់ ស្រី ៣៦នាក់ ក្នុងនោះគ្រូក្របខ័ណ្ឌរដ្ឋសរុបមានចំនួន ៣៥ នាក់ គ្រូជាប់កិច្ចសន្យាមានចំនួន ១៥នាក់ គ្រូស្ម័គ្រចិត្តមានចំនួន ៨ នាក់ បុគ្គលិកស្ម័គ្រចិត្តមានចំនួន ៥នាក់។ បច្ចុប្បន្នវិទ្យាល័យអប់រំពិសេសមានសិស្សអូឌីហ្សឹម និងខ្សោយសតិបញ្ញាចំនួន ២៣៥ នាក់ ស្រី ៥៨នាក់។