ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិតីភាពក្នុងកិច្ចប្រជុំស្ដីពីការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាលឃុំ សង្កាត់ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្តកណ្ដាល លោក ចៅសង្កាត់ លោក លោកស្រី ស្មៀនសង្កាត់ និងលោកស្រី ជំនួយការហិរញ្ញវត្ថុ រដ្ឋបាលសង្កាត់ក្នុងខេត្តកណ្តាល ចូលរួមផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈម និងការអនុវត្តកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពជឿទុកចិត្ត ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ជាពិសេស ដើម្បីធានាឱ្យការអនុវត្តប្រកាសអន្តរក្រសួងលេខ០១៤៩ ផកប្រ.ក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំបំពេញបន្ថែមលើសេចក្ដីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មានប្រសិទ្ធភាព, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្ដមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថាកន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា ការអនុវត្តប្រកាសណែនាំលេខ២៣១ សហវ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ស្តីពីការងារលទ្ធកម្មរបស់ឃុំ សង្កាត់ និងសៀវភៅណែធំស្តីពីការអនុវត្ត តម្រោងមូលនិធិឃុំ សង្កាត់ ដែលដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០៩៧ សសរ គ.ជ.អ.ប ចុះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសំណង់របស់ រដ្ឋបាល ឃុំ សង្កាត់ ដូចជា៖ ការរៀបចំតម្រោង និងការពិនិត្យបញ្ជាក់បច្ចេកទេសមានការយឺតយ៉ាវ ដែលធ្វើ អោយការអនុវត្តកិច្ចលទ្ធកម្មមិនទាន់ពេលវេលា និងការទូទាត់ប្រាក់ឱ្យអ្នកទទួលការសាងសង់មិនទាន់ក្នុងឆ្នាំអនុវត្តថវិកា។ ឯកឧត្ដមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក៏បានស្នើរដល់អជ្ញាធរក្រុងស្រុកត្រូវដាក់មន្ត្រីប្រចាំការចាំមើលការខុសត្រូវដល់ប្រជាពលរដ្ឋ អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះសិក្សាគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដោយផ្អែកលើមូលដ្ឋានថវិកានៅក្នុងឆ្នាំអនុវត្ត ឱ្យបានរួចរាល់ក្នុងពេលកំណត់។