រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចបជុំជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានរៀបចំកិច្ចបជុំជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្រោមធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ អភិបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ផាន់ ឬទ្ឋិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោះខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមែនរាជរដ្ឋាភិបាលផងដែរ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដូចដែលបានកំណត់ក្នុងប្រតិទិន ប៉ុន្តែរយៈនៃការពិនិត្យបញ្ជីឈ្មោះនិង ចុះឈ្មោះបោះឆ្នោត មាន ១៩ ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ដូច្នេះមកដល់ថ្ងៃ នេះពេលវេលានៃដំណើរការក៏ជិតមកដល់ ហើយក៏អាចនឹងបញ្ចប់ទៅវិញលឿនផងដែរ ដែលតម្រូវឱ្យយើងទាំង អស់គ្នាយកចិត្តទុកដាក់ខ្លាំងចំពោះការជំរុញប្រជាពលរដ្ឋ និងត្រៀមសម្ភារ ឯកសារ បរិក្ខារក៏ដូចជាធនធានមនុស្ស គឺក្រុមចុះឈ្មោះបោះឆ្នោត ដែលត្រូវបណ្ដុះបណ្ដាលនៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុកនាពេលឆាប់ៗខាងមុខ នេះ។ លើសពីនេះកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់រឹតតែតម្រូវឱ្យត្រៀមលក្ខណៈឱ្យបានល្អផងដែរ។ឯកឧត្តមអភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមទៀតថា៖ អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ ពេលវេលា គ្រប់ទីកន្លែងចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែល បានធ្វើឲ្យដំណើរការបោះឆ្នោត ក៏ដូចជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទទួលបានលទ្ធផល ល្អ ប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា។ ក្នុងនាម ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបន្តផ្តល់ការគាំទ្រ កិច្ចសហការ ជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅធានាឲ្យការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបោះឆ្នោត នាពេល ខាងមុខសម្រេចបានជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ ស្របតាម ច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកតែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ។

អត្ថបទទាក់ទង