រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាល ស្តីពីការឈ្វេងយល់ ការឆ្លើយតប និងសេវាគាំទ្របែបកុមារមេត្រីនៅដំណាក់កាលអន្តរាគមន៍វិបត្តិសម្រាប់កុមាររងគ្រោះនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការឈ្វេងយល់ ការឆ្លើយតប និងសេវាគាំទ្របែបកុមារមេត្រីនៅដំណាក់កាលអន្តរាគមន៍វិបត្តិសម្រាប់កុមាររងគ្រោះនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ រយៈពេលមួយថ្ងៃ ជូនដល់អាជ្ញាធរក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលងខេត្តកណ្ដាល បានបញ្ជាក់ថា វគ្គនេះគឺមានសារៈសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យ ដែលអាចកើតមានឡើងចំពោះកុមារ ដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញជាដើម។ លោកជំទាវ បានបញ្ចាក់បន្តថា ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាបញ្ហាសកល ដែលបង្កផលវិបាកធ្ងន់ធ្ងរ មិនត្រឹមតែប៉ះពាល់ស្ទើរពេញមួយជីវិត នៃជនរងគ្រោះនោះទេ ប៉ុន្តែដល់សង្គមជាតិទាំងមូលទៀតផង។ ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគតផងដែរ។លោកជំទាវបានបន្ថែមថា ស្រី្ត និងកុមារនៅតែជាបញ្ហាអាទិភាព ដែលក្រុមការងារកិច្ចការពារកុមារខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងគាំទ្រ ថ្វីបើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តកណ្តាលមានភាពល្អប្រសើរជាងមុនក៏ដោយ ប៉ុន្តែនៅតែមានកុមារមួយចំនួន នៅតែប្រឈមនឹងបញ្ហាផ្សេងៗនៅឡើយ។ ដើម្បីឆ្លើយតប និងចូលរួមដោះស្រាយពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារយើងត្រូវប្តេជ្ញាចិត្តរួមគ្នាខិតខំផ្សព្វផ្សាយលើកកម្ពស់បង្កើនការយល់ដឹង និងបង្ការទប់ស្កាត់ និងការឆ្លើយតបលើគ្រប់ទម្រង់នៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារក្នុងខេត្តរបស់យើង។ជាមួយគ្នានេះ លោកជំទាវ ហ៊ុន កុសនី ក៏បានជំរុញដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅផ្សព្វផ្សាយបន្តជូនកុមារ គ្រួសារប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។

អត្ថបទទាក់ទង