រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានធ្វើជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្តទាំង៥ នៃកម្រងទី២ គឺមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាអនុប្រធានកម្រងទី២ បានមានប្រសាសន៍ថា៖ក្រោមកិច្ចខិតខំប្រឹងប្រែង និងភាពបុរេសសកម្មរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា៖សម្រាប់ខេត្តកណ្តាល ក្រោមកិច្ចសហការយ៉ាងល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចស្របតាមមុខងារភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានការចូលរួមយ៉ាងសកម្មរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ធ្វើឲ្យខេត្ត កណ្តាលមានកាលានុវត្តភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ និងជាទីមោទនៈ ទាំងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារសេដ្ឋកិច្ច សង្គមកិច្ច ការងារគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថានអនាម័យ។ ឯកឧត្តមបន្ថែមថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកណ្តាល សូមសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងរូបខ្ញុំ ជាអនុប្រធានកម្រងទី២ ជំនួស ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលត្រូវបានតែងតាំងជា ប្រធានកម្រងទី២ ជំនួស ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ដែលត្រូវបានទៅបំពេញភារកិច្ចជា សមាជិករដ្ឋសភា នីតិកាលទី៧។ ឯកឧត្តមបានប្តេជ្ញាបន្តបំពេញភារកិច្ច មុខងារ សិទ្ធិអំណាចក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងសម្រប សម្រួលរាល់កិច្ចការក្នុងដែនសមត្ថកិច្ច ស្របតាមគោលការណ៍រដ្ឋបាលឯកភាព និងគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។ប្រមូល និងពាំនាំបញ្ហាប្រឈមទាំងឡាយក្នុងការបំពេញភារកិច្ចរបស់សមាជិក សមាជិកាក្រុមប្រឹក្សាក្នុងកម្រងទី២ ជូនថ្នាក់ដឹកនាំសមាគមជាតិ គណៈកម្មាធិការ ប្រតិបត្តិ និងក្រុមប្រឹក្សាជាតិ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីពិនិត្យ ពិភាក្សា រកដំណោះស្រាយ និងបន្តលើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តឲ្យបានប្រពៃ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត បានមានប្រសាសន៍ថា៖វគ្គបណ្តុះ បណ្តាលតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នៅទូទាំងប្រទេស ត្រូវបានគ្រោងឡើងក្នុងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ ដែលត្រូវ បានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤ អាណត្តិទី២ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី។ក្នុង ស្មារតីនេះ ប្រធានបទសម្រាប់ការបណ្តុះបណ្តាល ត្រូវបានគិតគូរ និងលើកយកមកពិភាក្សាស៊ីជម្រៅក្នុងចំណោមគណៈកម្មការជំនាញ របស់សមាគមជាតិគឺគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព និងគណៈកម្មការទទួលបន្ទុក កិច្ចការស្ត្រីនិងកុមារ និងជាមួយមន្ត្រីជំនាញនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ។ ឯកឧត្តមបានបន្តទៀតថា៖ការបណ្តុះបណ្តាលតម្រង់ទិសនេះ មានអត្ថន័យសំខាន់ដល់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត៖ ទី១ធ្លាប់ទទួលបានការបណ្តុះបណ្តាល និងការសិក្សារៀនសូត្ររួចមកហើយ អំពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតគតិយុត្តពាក់ព័ន្ធ។ ទី២ ឯកឧត្តម លោកជំទាវមួយចំនួន បាន បំពេញតួនាទីជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចាប់តាំងពីអាណត្តិទី១ មកដល់ អាណត្តិទី៣ នេះ ហើយអាចនឹងបន្តនៅចូលដល់អាណត្តិទី៤ ដែលតាម ការសម្រេចរបស់រាជរដ្ឋាភិបាល ការបោះឆ្នោតអាណត្តិទី៤ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមក៏បានស្នើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមយកចិត្តទុកដាក់ ស្តាប់នូវខ្លឹមសារមេរៀន ដែលក្រុមគ្រូឧទ្ទេសនឹងសម្របសម្រួលធ្វើបទឧទ្ទេសនាម និងលើកជាសំណួរ និងចែក រំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីឆ្លុះបញ្ចាំងពីការដាក់ចេញគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានជាមួយនឹងការអនុវត្តជាក់ស្តែងនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានីខេត្តនីមួយៗក្នុងគោលបំណងឱ្យមានការយល់ដឹងជារួម និងដូចគ្នាចំពោះកិច្ចការដែលកំពុងអនុវត្ត៕

This image has an empty alt attribute; its file name is 9-49.jpg

អត្ថបទទាក់ទង