++++++++++ខេត្តកណ្ដាល៖ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង ពិសេសបទល្មើសនេសាទជាដើម កុំឱ្យកើតមានឡើងនៅមូលដ្ឋានខ្លួន ត្រូវរួមគ្នាធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ។នេះជាការ ជំរុញរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលងខេត្ត អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ចជាង ៤០០នាក់។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ដែលរួមសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និងសម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើផងដែរ។ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមដែរថា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរដ្ឋបាលខេត្តកណ្ដាល សម្រេចបានក្នុងឆ្នាំ២០២២ ដោយក្នុងចំណោម ១២៧ឃុំសង្កាត់ទូទាំងខេត្ត ឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ១ មានរហូតដល់ ១១៨ឃុំសង្កាត់ ចំណាត់ថ្នាក់ប្រភេទលខ២ ចំនួន ៩ឃុំសង្កាត់ និងចំណាត់ថ្នាក់ប្រភេទលេខ៣ មិនមាន។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចាក់នៅក្នុងរបាយការណ៍ថា បើទោះបីជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ បទល្មើសព្រហ្មទណ្ឌកើនឡើង៥១ករណី ស្មើនឹង៤០% ក៏ប៉ុន្តែលទ្ធផលនៃការ បង្ក្រាប យើងទទួលបានលទ្ធផលខ្ពស់គឺ៩២%។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៧៥លើក ស្មើ៤៤% បើធៀបនឹងរយៈពេល០៩ខែ ឆ្នាំ២០២២ តាមរយៈនៃការថយចុះនូវគ្រោះថ្នាក់ចរាចរណ៍នេះ អាស្រ័យលើការចូលរួមគោរពច្បាប់ចរាចរណ៍របស់ ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងលិខិតបទដ្ឋាននានា បញ្ជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាប្រចាំតាមរយៈនគរបាល និងសហគមន៍។