រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយអាជ្ញាធរស្រុកពញាឮចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយចាប់លូស្បៃមុង ចំនួន២១មាត់ និងរបាំងស្បៃមុង៥៥១០ម៉ែត្រ យកដុតកំទេចចោល

ខេត្តកណ្ដាល៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកណ្តាល ដឹកនាំដោយលោក ហេង សុភារិទ្ធី និងមន្រ្តីជំនាញក្រោមឱវាទ សហការជាមួយ លោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកងកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាល ចំនួ៥២៥ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំនេះនៅនឹងកន្លែងកើតហេតុ។ លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ទន្ទឹមនឹងនោះមិនត្រូវអត់អោនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងក្តៅ ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍នៅបទល្មើសនេសាទទាំងអស់ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផលធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុង បឹង ទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកក៏បានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ ទន្ទឹមនឹងនោះខណ្ឌរដ្ឋបាលជលផលកណ្ដាល និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឱ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់ឡើយ។

អត្ថបទទាក់ទង