រាជធានីភ្នំពេញ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឱ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។ «ឯករាជ្យ អធិបតេយ្យភាព សាមគ្គីភាព និងការឯកភាពផ្ទៃក្នុង» ដើម្បីការអភិវឌ្ឍ សន្តិភាព និង សុខុដុមរមនា របស់ប្រជាពលរដ្ឋកម្ពុជា៕