+++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ខួប១១ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមាននិមន្ត អញ្ជើញចូលរួម ដោយព្រះមេគណ មន្ត្រីសង្ឃ អាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់មន្ទីរ ស្ថាប័នជុំវិញខេត្ត កងកម្លាំងទាំងបី សិស្ស យុវជន កាយរិទ្ធ យុវជនកាកបាទក្រហម យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអាននូវព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា៖ ថ្ងៃនេះ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវ ព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វ ហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមសម្ដែងនូវទឹកចិត្ត ពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងស្ពាយ ស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការយាងចូលព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ” ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាករុណាទិគុណ របស់ព្រះអង្គ បានចារឹកទុកក្នុងទំព័រមាស នៃប្រវត្តិសាស្ត្រ និងក្នុងក្រអៅបេះដូងរបស់ កូនខ្មែរ ជាកូន ជាចៅ ជាចៅទួត ជាចៅលួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមថ្វាយទៅព្រះ អតីតព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបីតាជាតិខ្មែរ សុំព្រះអង្គយាងទៅកាន់ ព្រះបរមសុខ ក្នុងសុគតិភព សូមឲ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្ដិសិទ្ធិ ប្រកបដោយវឌ្ឍនភាព វិបុលភាព និងសេចក្ដីសុខក្សេមក្សាន្ត រុងរឿង យូរអង្វែង។