រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា មន្ត្រីហាត់ការ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាជាង ៤០០នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើរថែមទៀត ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នាឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ ក៏សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ពោលគឺ អ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។

ក្នុងពិធីនេះដែរ ឯកឧត្តម នូ សាខន និងឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានណែនាំដល់ មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗនៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ។

អត្ថបទទាក់ទង