រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក បានប្រជុំពិភាក្សាគ្នា ដើម្បីធ្វើឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក

+++++++ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូក នៅព្រឹកថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេស ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក បង្ករបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ផេង បានណែនាំឱ្យ ក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេសទាំងអស់ ត្រូវផ្សព្វផ្សាយនូវរាល់បទបញ្ជាផ្ទៃក្នុង នៃការប្រណាំងទូកជូនដល់កីឡាករ-កីឡាការិនីចូលរួមអនុវត្តឱ្យបានល្អ ត្រូវរៀបចំចំណាត់ថ្នាក់ទូកលឿន មធ្យម ទូកគូពិសេស និងទូកខ្នាតអន្តរជាតិ ដែលបានមកចូលរួមក្នុងពិធី។

ជាពិសេស ត្រូវរៀបចំប្រវត្តិទូកដែលមកចូលរួមទាំងអស់ ជូនទៅគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីធ្វើអត្ថាធិប្បាយ ក្នុងពិធីប្រណាំងទូក។ក្រៅពីនេះ ឯកឧត្តម ប៊ុន ផេង បានជំរុញដល់ ក្រុមការងារ ត្រូវសហការជាមួយគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីសម្របសម្រួលបច្ចេកទេស និងត្រួតពិនិត្យឧបករណ៍បរិក្ខារ សម្រាប់បម្រើក្នុងពិធីប្រណាំងទូក ឱ្យទទួលបានលទ្ធផលល្អ ការងារសំខាន់មួយទៀត គឺត្រូវសហការចាត់តាំងតំណាងកីឡាករ ដែលត្រូវឡើងទទួលអំណោយពីគណៈអធិបតី ដោយត្រៀមលក្ខណៈសម្បត្តិជាមុន គោរពបានវិន័យ សីលធម៌ថ្លៃថ្នូរ មានសណ្ដាប់ធ្នាប់ ជៀសវាងភាពយឺតយ៉ាវ និងត្រូវធ្វើរបាយការណ៍លទ្ធផល ជូនប្រធានគណៈកម្មការ និងអភិបាលខេត្ត ឱ្យបានទាន់ពេលវេលា។

នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានគោរពអញ្ជើញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាពិធីប្រណាំងទូកខេត្តកណ្ដាល ឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើ ដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដទៅប្រកបដោយ ភាពសប្បាយរីករាយ។ ក្នុងពិធីនេះ រដ្ឋបាលខេត្តក៏បានរៀបចំ ដាក់តាំងពិព័រណ៍ លក់ផលិតផលជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសមយ័ផងដែរ។សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រកួតសរុបមានចំនួន ៧៦ទូក ក្នុងនោះទូកចែវចំនួន ៥ទូក ទូកខ្នាតអន្តរជាតិចំនួន ៣៦ទូក និងទូកខ្នាតវែងចំនួន ៣៥ទូក។

អត្ថបទទាក់ទង