++++++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម នូសាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣» ស្ថិតក្នុងបរិវេណវត្តទន្លេអ៊ុំ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ លើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានបន្តថា ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប៕