++++++++++++++++ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលក្រុង-ស្រុកទាំងអស់នៅខេត្តកណ្ដាល បន្តចុះពង្រឹង និងអនុវត្តនូវគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាព និងបង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវតាមដានឱ្យបានជាប់ជាប្រចាំ នៅបញ្ហាគ្រោះមហន្តរាយដោយជំននើទឹកភ្លៀង ដែលកំពុងបន្តគំរាមកំហែងដល់ ភូមិ ឃុំរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តកណ្ដាលផងដែរ។ នេះគឺជាការជំរុញរបស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃអភិបាលខេត្តកណ្តាល កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១៣ ក្នុងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឱ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា៖ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃអភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ក្នុងខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល បានធ្វើការណែនាំ និងតាមដាន ត្រួតពិនិត្យយ៉ាងដិតដល់លើសកម្មភាពអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយសម្រេចបានលទ្ធផលជាច្រើនក្នុងនោះ ការលើកកម្ពស់ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននានា នៅគ្រប់វិស័យ នៅគ្រប់លំដាប់ថ្នាក់រដ្ឋបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ទាំងផ្នែកបរិមាណ គុណភាព ប្រសិទ្ធភាព តម្លាភាពពោលគឺ ជំរុញឱ្យការផ្តល់សេវា និងកិច្ចអន្តរាគមន៍នានាកាន់តែកៀកកិតនឹងប្រជាពលរដ្ឋ សំដៅបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែច្រើនឡើង។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា៖ ក្នុងខែតុលានេះ បទល្មើព្រហ្មទណ្ឌ កើតឡើងចំនួន ១៨ / ២៥ករណី ថយ ៧ លើក បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ១៥ករណី ៨៣% ចាប់ជនល្មើស ៣២នាក់។ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៧ ករណី ចាប់ជនល្មើស ១០៩នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤ / ៩លើក កើន ៥លើក បណ្តាលឱ្យស្លាប់ ៧នាក់, របួស២៦នាក់ កើតឡើងដោយសារ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព ប្រជែងគ្រោះថ្នាក់ បើកហួសល្បឿនកំណត់ និងមិនប្រកាន់ស្តាំ។