ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងមានការចូលរួមអមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយកសាខា មន្រ្តីសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់គ្រួសារដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់(ជំនន់ទឹកភ្លៀង)ចំនួន២២០ខ្នងផ្ទះ នៅភូមិតាក្តុល ភូមិតាក្តុលត្បូង ភូមិព្រែកកាក់ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។នាឱកាសចុះសួរសុខទុក្ខនោះផងដែរ ឯកឧត្តមប្រធាន បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់(ជំនន់ទឹកភ្លៀង)ដោយក្តីអាណិតអាសូរជាទីបំផុត។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។ទទឹមនិងការចុះសួរសុខទុក្ខនោះសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំអំណោយផ្ដល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, និងថវិកា ចំនួន ២ម៉ឺនរៀល ។