ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាបញ្ជាក់គោលបំណងចងសម្ព័ន្ធមិត្តភាពរវាងរដ្ឋបាលខេត្តកណ្ដាល និងទីក្រុង Jeungpyeong-Gun នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Jaeyoung អភិបាលក្រុង និងគណៈប្រតិភូ ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។ “ជំនួបពិភាក្សានេះ មានគោលបំណងផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការ ដោយលើកកម្ពស់មិត្តភាព រវាងគ្នា ឈរលើមូលដ្ឋានទស្សនកិច្ចទៅវិញទៅមក ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា កសិកម្ម វប្បធម៌ អប់រំ និង អប់រំកាយជាដើម ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍនៃភាគីទាំងពីរ”។ បន្ទាប់ពីពិភាក្សាការងារ និងចុះហត្ថលេខារួចមក គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅព្រលានយន្តហោះថ្មី ភ្នំពេញអន្តរជាតិ តេជោក្រុងតាខ្មៅ ដែលកំពុងសាងសង់លើទឹកដីខេត្តកណ្ដាល។