ខេត្តកណ្ដាល៖ ដើម្បីឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិប្រព្រឹត្តិទៅ មានសណ្តាប់ធ្នាប់រៀបរយល្អ ធានានូវភាពយុត្តិធម៌ ប្រកបដោយគុណភាព និងតម្លាភាព នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកណ្តាល និងឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យការប្រលង និងចូលរួមបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន កុសនី បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។លោកជំទាវ ក៏បានជូនពរ ដល់សិស្សានុសិស្សទាំងអស់ សូមទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។សូមមញ្ចាក់ថា ខេត្តកណ្តាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧ មណ្ឌល ស្មើនឹង ៤៥១បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤ ៖ ១-ក្រុងតាខ្មៅ៖ មានចំនួន ០៩មណ្ឌល សម្រាប់បេក្ខជនមកពីក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកពញាឮ និងក្រុងអរិយក្សត្រ។ ២-ស្រុកស្អាង៖ មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពីស្រុកស្អាង និង ស្រុកកោះធំ។ ៣-ស្រុកកណ្តាលស្ទឹង៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កណ្តាលស្ទឹង និងស្រុកអង្គស្នួល។ ៤-ស្រុកកៀនស្វាយ៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កៀនស្វាយ ស្រុកលើកដែក ស្រុកល្វាឯម និងក្រុងអរិយក្សត្រ ។ខេត្តកណ្តាលឆ្នាំនេះ មានបេក្ខជនមានឈោ្មះក្នុងបញ្ជី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១០,៨៧៣នាក់ ស្រី ៦,០២៣នាក់។ បើធៀបទៅនឹងឆ្នាំសិក្សា២០២១-២០២២ ខេត្តមានមណ្ឌលប្រឡងថយចុះ ចំនួន ០២មណ្ឌល រីឯបេក្ខជន បានកើនឡើងចំនួន ៧៣០នាក់ ស្រី ៣៥៦នាក់។