រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបនលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃនូវការកោតសរសើរចំពោះកូនកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ បានធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅទូទាំងខេត្តកណ្ដាលទាំងមូលផងដែរ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបនលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ការសហការគ្នាបានយ៉ាងល្អ និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យការប្រណាំងទូកនៅក្រុងតាខ្មៅ ឆ្នាំ២០២៣នេះ ទទួលបានជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយមិនមានបាតុភាពអ្វីកើតឡើងគួរឱ្យគាត់ស្គាល់ឡើយ និងបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល ត្រូវចុះពិនិត្យគ្រប់អាជីវកម្មទឹកស្អាតទាំងអស់ ត្រូវធានាបានថាអាជីវកម្មទាំងនោះផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងគ្រប់គ្រាន់។ ហើយក្នុងករណីអាជីវកម្មណាមួយ មិនបានផ្គត់ផ្គង់ទឹកប្រកបដោយអនាម័យ និងគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋនោះទេ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង