ខេត្តកណ្ដាល៖ យោងតាមមតិណែនាំផ្ទាល់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំដោះស្រាយអំពីបញ្ហា និងកង្វល់របស់ប្រជាពលពាក់ព័ន្ធទៅនឹងបញ្ហាទឹកមិនស្អាត ទឹកល្អក់ និងមិនមានទឹកប្រើប្រាស់ ដោយបានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អជ្ញាធរក្រុងតាខ្មៅ អជ្ញាធរស្រុកស្អាង តំណាងអាជីករទឹកស្អាត និងប្រជាពលរដ្ឋដែរស់នៅក្នុងទីក្រុងរណាប បុរីសិរីមង្គលផងដែរ នៅសាលាសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងអាជីវករទឹកស្អាត ត្រូវធ្វើការសហការគ្នាឱ្យបានល្អដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ថាតើមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងទឹកស្អាតប្រើប្រាស់ដែរឬទេ និងសំណូមពរដល់ប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមហ៊ុនទឹកស្អាត ដើម្បីជួយផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់នៅបញ្ហាកង្វះទឹកប្រើប្រាស់ និងទឹកមិនស្អាតជូនដល់ក្រុមការងារ ដើម្បីឲ្យក្រុមការងារងាយស្រួលមានដំណោះស្រាយជូនទាន់ពេលវេលា។