ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់ លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល សប្បុរសជន និងមន្ទីរអង្គភាពនានា សូមបន្តគៀគរថវិកាពីប្រភពនានាដើម្បីជួយគាំទ្រគម្រោងនានា របស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលបានស្នើឡើងក្នុងគោលដៅអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែមានភាពរីកចំរើនមួយកំរិតទៀត ពីព្រោះបើពិនិត្យលើគម្រោងកម្មវិធីវិនិយោគទូទាំងខេត្ត បានបង្ហាញអោយយើងឃើញថា រដ្ឋបាលខេត្ត ត្រូវការថវិកាជាច្រើន ដើម្បីឆ្លើយតបតម្រូវការជាអតិភាពនៅតាមមូលដ្ឋាន។ការអំពាវនាវនេះ ធ្វើឡើងនៅក្នុង វេទិកាពិគ្រោះយោបល់ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៤-២០២៦ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុក តំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបានកំណត់ថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន ក្រោយពីបោះឆ្នោតរួច ដោយអនុវត្តតាមច្បាប់ កម្មវិធីវិនិយោគបីឆ្នាំរំកិលក៏ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ។ ជាក់ស្តែងរដ្ឋបាលខេត្តកណ្តាល ដោយមានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងអ្នគពាក់ព័ន្ធនានាបាចូលរួមអនុវត្តផងនោះ គិតមកដល់ពេលនេះ គឺជាសកម្មភាពទី៣ ក្នុងជំហានទី២ នៃការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៤-២០២៦ នៅថ្នាក់ខេត្តហើយ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ នាពេលនេះ គឺមានសារៈសំខាន់ណាស់ គឺជាការជួបជុំគ្នាពីរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ី នូវតម្រូវការចាំបាច់ទាំងនោះ ជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗ ក្នុងខេត្ត។ ជាឱកាសដើម្បីគៀគរប្រភពធនធាននានា ពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាជួយគាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ហើយជាការជួបជុំគ្នាពិភាក្សាលើបញ្ហាប្រឈមនានា សំដៅត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ.សង្កាត់នៅថ្នាក់ក្រុង/ស្រុកនាពេលខាងមុខនេះផងដែរ។លោក ម៉ីន ឈុន ប្រធានមន្ទីរផែនការ ខេត្តកណ្ដាល បានមានប្រសាសន៍ថា តម្រូវការគម្រោង អាទិភាពទូទាំងខេត្តសម្រាប់ឆ្នាំ២០២៤-២០២៦ មានសរុប ២៩៥០ គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច មានចំនួន ១០០៨ គម្រោង។ ផ្នែកសង្គមកិច្ច មានចំនួន ១១១១ គម្រោង។ ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ មានចំនួន ៣៦៤ គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខចំនួន ៤៦៧ គម្រោង។ លោកប្រធានមន្ទីរផែនការ បានបន្តថា តម្រូវការគម្រោង អាទិភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តមាន សរុប ៣៣៩គម្រោង ដោយផ្នែកសេដ្ឋកិច្ច មានចំនួន ២៩១ គម្រោង។ ផ្នែកសង្គមកិច្ច មានចំនួន ២១ គម្រោង។ ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ មានចំនួន ២០ គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខចំនួន ៧ គម្រោង។លោកប្រធានមន្ទីរផែនការ បានបន្តទៀតថា តម្រូវការគម្រោង អាទិភាពក្រុង ស្រុក សុំបញ្ចូលក្នុងកម្មវិធីវិនិយោគខេត្ត សរុបចំនួន ១៤៨ គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច មានចំនួន ៨៦ គម្រោង។ ផ្នែកសង្គមកិច្ច មានចំនួន ៣៦ គម្រោង។ ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ មានចំនួន ២១ គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខចំនួន ៥គម្រោង។