+++++++++++ខេត្តកណ្តាល៖ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពាម ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល និងប្រជាពលរដ្ឋទាំងអស់ ដែលមានដីនៅក្នុងភូមិខាងលើ សូមអញ្ជើញមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន ដែលដាក់បិទផ្សាយជូនជាសាធារណៈ ដោយគណៈកម្មការរដ្ឋបាល គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាការអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានធ្វើការអំពាវនាវនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន១,១០០ ក្បាលដីក្នុងភូមិពាម ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងបរិវេណវត្តព្រៃពួច នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោកអនុប្រធានមន្ទីរ បន្តថា៖ ការបិទផ្សាយជាសាធារណៈនេះ គឺ ដើម្បីទុកឱកាសដល់បងប្អូនប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងករណីខុសនូវ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬទិន្នន័យផ្សេងៗ បងប្អូនអាចធ្វើការជំទាស់តវ៉ាបានក្នុងរយៈពេល ១៥ ថ្ងៃនៃការបិទផ្សាយនេះ ហើយក្នុងរយៈពេល ១៥ ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការដើម្បីទទួលពាក្យបណ្ដឹង និងដោះស្រាយ រៀងរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់។
លោកអនុប្រធានមន្ទីរ បន្ថែមថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម។ លោកក៏បានឱ្យដឹងទៀតថា៖ ការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ ដែលរួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូរប្លង់សុរិយោដីដោយកុំព្យូទ័រ ដែលនេះជាសក្ខីភាពសម្រាប់ជាភស្តុតាងនៃភាពត្រឹមត្រូវ និងការឯកភាពគ្នាលើទិន្នន័យដែលមន្ត្រីជំនាញសុរិយោដីបានស្រង់ ហើយលទ្ធផលដែលទទួលបានត្រូវបានប្រើប្រាស់សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លី ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយ ចីរភាព និងសុខដុម៕