++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមទាំងសហការីបានចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិចំនួន ០៥គ្រួសារ រងគ្រោះដោយបាក់ស្រុតផ្លូវមាត់ច្រាំងស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានមតិសំណេះសំណាលនាឱកាសនោះ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងការអាណិតអាសូរជាទីបំផុត។ លោកនាយកសាខាបន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ក្នុងឱកាសនោះដែរលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានសម្ដែងនូវការសោកស្ដាយ ចំពោះឧបទ្ទវហេតុដែលកើតមានឡើងនាពេលកន្លងមកហើយលោកក៏បានលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹម ហើយត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតដើម្បីទ្រទ្រង់ជីវភាពសម្រាប់ក្រុមគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ។អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម,ត្រីខ១០កំប៉ុង,ទឹកត្រី១យួរ,ទឹកសុទ្ធ១កេស,មី១កេស,ឃីត១កញ្ចប់ និងថវិកា១០ម៉ឺនផងដែរ។