++++++++++++ខេត្តកណ្តាល៖ សិក្ខាសាលានៅពេលនេះ គឺជាចំនុចជួបគ្នានៃវិមជ្ឈការ និង វិសហមជ្ឈការ ក្នុងគោលបំណង ផ្ដល់ឱកាសផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងផែនការរបស់សង្កាត់ ក្រុង ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនទាំងអស់ នៅតាមសហគមន៍ ដើម្បីរួមគ្នាពិភាក្សា និងគាំទ្ររាល់គម្រោងដែលជាតម្រូវការជាក់ស្ដែង សំដៅជួយអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែមានការរីកចំរើន។
ហើយឯកឧត្តមអភិបាលរងខេត្តនឹងទទួលយកនូវរាល់សំណើរ និងសំណូមពរនានា ដែលបានលើកឡើងដោយ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីយកមកអនុវត្តក្នុងផែនការឆ្នាំ២០២៤ ឱ្យស្របតាមស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។នេះជាការលើកឡើង របស់ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៅសាលាក្រុងសំពៅពូន នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-សង្កាត់ និងអ្នកពាក់ព័ន្ធផងដែរផង។
ឯកឧត្តម បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់សង្កាត់់ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាសង្កាត់ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រនៅពេលក្រោយទៀត។ លោក សុទ្ធ សាវឿន អភិបាលរងក្រុងសំពៅពូន បានមានប្រសាសន៍ថា សម្រាប់ក្រុងសំពៅពូន មានគម្រោងស្នើឡើងទាំង ៧វិស័យ សរុបចំនួន ១៩៣គម្រោង រួមមាន៖ វិស័យកសិកម្ម មាន ២៦គម្រោង វិស័យអាជីវកម្ម ២៥ គម្រោង វិស័យវិស័យអប់រំ ០៩ គម្រោង វិស័យសុខភាព ៣៦ គម្រោង វិស័យភាពងាយរងគ្រោះ ០៩ គម្រោង វិស័យបរិស្ថាន ៤៣ និង វិស័យរដ្ឋបាល-សន្តិសុខ ៤៥ គម្រោង។ជាលទ្ធផល ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសង្កាត់ ក្រុង ជាមួយរមន្ទីរជំនាញជុំវិញខេត្ត អង្គការនានា គម្រោងទទួលបានការគាំទ្រសម្រាប់សង្កាត់ សរុបចំនួន ១២១គម្រោង ស្មើនឹង ៦០ភាគរយ ។ គម្រោងទទួលបានការគាំទ្រសម្រាប់ក្រុងមាន ៥គម្រោង ស្មើនឹង ១៦ភាគរយ។