++++++++++++++++++ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្ពានបេតុង ទទឹង ៩ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ម៉ែត្រ ឆ្លងចូលពុទ្ធមណ្ឌលកម្ពុជា នៅស្ទឹងអង្គរជ័យ ព្រំប្រទល់ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ចំពោះសមិទ្ធផលស្ពានថ្មីឆ្លងកាត់ស្ទឹងចូលទៅពុទ្ធមណ្ឌលកម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ពុទ្ធបរិស័ទធ្វើដំណើរទៅមកបំពេញកិច្ចសាសនា និងពិធីបុណ្យផ្សេងៗ រួមទាំងសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាកសិករមកប្រកបការងារបង្កបង្កើនផល និងដឹកកសិផលមានភាពងាយស្រួល និងចំណេញពេលវេលាច្រើនផងដែរ។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ "មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា” ដោយនៅតែតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ,មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។
ជាមួយគ្នានេះផងដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតី«នៃវប្បធម៌ចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីសាងសង់ស្ពានបេតុងអាមេ នៅភូមិក្ដៅកន្លែង៤ ឃុំដីត្ន និងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ នេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈប្រកបដោយផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។