++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុង សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៃក្រុងអរិយក្សត្រ នៅព្រឹកថ្ងៃទី២០ ខែវិច្ចកា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។
ឯកឧត្ដម ប៊ុន ផេង បានបញ្ជាក់បន្តថា ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការកើនឡើងជាលំដាប់ស្របតាមនិន្នាការ នៃការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់ នៅថ្នាក់ក្រុង/ស្រុក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២៣ ចំនួនគម្រោងស្នើឡើងជាច្រើន នឹងទទួលបានគាំទ្រជាបន្ដបន្ទាប់។
ឯកឧត្ដមអភិបាលរងខេត្ត បានឱ្យដឹងថា ពាក់ព័ន្ធនឹងគម្រោងដែលបានស្នើឡើងទូទាំងខេត្ត កាលពីឆ្នាំ២០២២ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ មាន ៣៦៤៣ គម្រោង មាន ៧វិស័យ រួមមាន៖ វិស័យកសិកម្ម ៣៨៥គម្រោង វិស័យអាជីវកម្ម ៤៤៣គម្រោង វិស័យវិស័យអប់រំ ៣១២គម្រោង វិស័យសុខភាព ៨៤៤គម្រោង វិស័យភាពងាយរងគ្រោះ ១៤៨គម្រោង វិស័យបរិស្ថាន ៦២៩គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៨៩២គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន២១៦៤គម្រោង ស្មើ៥៩ភាគរយ។
នាឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់ដែលជា តម្រូវការនិងសំណូមពររបស់ប្រជាជន ទន្ទឹមនេះត្រូវយកចិត្ដទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេក ទេសរបស់គម្រោងនីមួយៗផងដែរ។ ហើយចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគររកធនធានសម្រាប់អនុវត្តបន្ថែមទៀត។លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានមានប្រសាសន៍ថា ចំពោះការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់ក្រុង ចេញជា ៤ផ្នែក មានគម្រោងសរុបចំនួន ៤៦គម្រោង រួមមាន៖ ផ្នែកសេដ្ឋកិច្ចមាន ២៣គម្រោង ផ្នែកសង្គមកិច្ចមាន ៥គម្រោង ផ្នែកការប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុមាន ចំនួន ០៩គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានចំនួន ០៩គម្រោង។ជាលទ្ធផល ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសង្កាត់ ក្រុង ជាមួយរមន្ទីរជំនាញជុំវិញខេត្ត អង្គការនានា គម្រោងទទួលបានការគាំទ្រសម្រាប់សង្កាត់ សរុបចំនួន ២២២គម្រោង ។ គម្រោងទទួលបានការគាំទ្រសម្រាប់ក្រុងមាន ២គម្រោង ។