រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ អញ្ជើញមកដកស្រង់បទពិសោធន៍ស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នៅខេត្តកណ្តាល»

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារ PWG ខេត្តកណ្តាល រូមជាមួយថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីចែករំលែកបទពិសោធន៍ស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នៅខេត្តកណ្តាល» ដែលជំនួបពិភាក្សានេះធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងជំនួបពិភាក្សា ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារ PWG ខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ខេត្តកណ្តាល បានទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ដែលភាពជោគជ័យនេះ គឺអាស្រ័យដោយមានការដឹកនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសក្រសួងបានបង្កើតនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ក៏ដូចជាយន្តការសម្របសម្រួលនានា លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលជាផែនទីចង្អុលបង្ហាញផ្លូវមួយយ៉ាងសំខាន់ សម្រាប់ប្រតិបត្តិការងារទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្ដមបន្តថា៖ ការសម្រេចបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ក៏អាស្រ័យដោយមានការគាំទ្រពេញទំហឹងពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ វិស័យឯកជន សប្បុរសជន អង្គការ សមាគម ជាពិសេសការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់មានការយល់ដឹងច្រើន តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបានផ្លាស់ប្តូរឥរិយាបទ ដោយការសាងសង់ និងប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូនៅពេលចាំបាច់ និងការហូបទឹកមានសុវត្ថិភាព។ ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមថា៖ ដ្បិតថាខេត្តកណ្តាលទទួលបានជោគជ័យពីការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)ក៏ពិតមែន ប៉ុន្តែក៍មិនមែនបានន័យថា រដ្ឋបាលខេត្តឈប់គាំទ្រ ឈប់សហការ ឈប់ធ្វើលើការងារអនាម័យនេះតទៅទៀតនោះដែរ ដោយបច្ចុប្បន្ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បាននឹងកំពុងដុតដៃ ដុតជើង ដោយបានធ្វើយុទ្ធនាការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ជាបន្តទៀត ហើយឯកឧត្ដមសង្ឃឹម និងជឿជាក់ថា ខេត្តកណ្តាលនឹងទទួលបានជោគជ័យ នៅដើមឆ្នាំ២០២៤ ជាក់ជាមិនខាន។ បន្ទាប់ពីជំនួបពិភាក្សានេះមក លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានអញ្ជើញប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ អញ្ជើញទស្សនកិច្ចសិក្សានៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីស្ដាប់នូវរបាយការណ៍ និងពិនិត្យស្ថានភាពការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងចុះពិនិត្យផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលជាប្រជាពលរដ្ឋប្រភេទក្រ១ និងក្រ២ ដែលមានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្រាន់ផដែរ។

អត្ថបទទាក់ទង