រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ អញ្ជើញដកស្រង់បទពិសោធន៍ស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នៅស្រុកកណ្ដាលស្ទឹង»

+++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង និងជាប្រធានក្រុមការងារ DWG ស្រុកកណ្ដាលស្ទឹង និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីចែករំលែកបទពិសោធន៍ស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នៅស្រុកកណ្ដាលស្ទឹង» ដែលជំនួបពិភាក្សានេះធ្វើឡើងនៅសាលាស្រុកកណ្ដាលស្ទឹង។ មានប្រសាសន៍ក្នុងជំនួបពិភាក្សា លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ខេត្តកណ្តាល បានទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ដែលភាពជោគជ័យនេះ គឺអាស្រ័យដោយមានការដឹកនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសក្រសួងបានបង្កើតនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ក៏ដូចជាយន្តការសម្របសម្រួលនានា លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងដោយមានការគាំទ្រពេញទំហឹងពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

លោកស្រីប្រធានមន្ទីរ បានចែករំលែកបទពិសោធន៍ ពីភាពជោគជ័យលើយុទ្ធសាស្ត្រនៃការជំរុញការទទួលបាន ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ដ៏មានសារសំខាន់ ពីព្រោះវាបានជួយលើកកម្ពស់ សុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការអនុវត្តអនាម័យស្អាតដោយការសាងសង់ប្រើប្រាស់បង្គន់ ការលាងដៃជាមួយសាប៊ូ និងការហូបទឹកមានសុវត្ថិភាព ពីព្រោះថា បើគាត់រស់នៅប្រកបដោយអនាម័យស្អាត នោះនាំឱ្យគាត់មានសុខភាពល្អ អាចកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ សហគមន៍មានភាពថ្លៃថ្នូ ជា ពិសេសបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង និងជាប្រធានក្រុមការងារ DWG ស្រុកកណ្ដាលស្ទឹង អោយដឹងថា ការសម្រេចបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅស្រុកកណ្ដាលស្ទឹង ក៏អាស្រ័យដោយមានការគាំទ្រពេញទំហឹងពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រដ្ឋស្រុក ឃុំ ភូមិ វិស័យឯកជន សប្បុរសជន អង្គការ សមាគម នឹងមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានចង្អុលបង្ហាញ ជាពិសេសការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់មានការយល់ដឹងច្រើន តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបានផ្លាស់ប្តូរឥរិយាបទ ដោយការសាងសង់ និងប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូនៅពេលចាំបាច់ និងការហូបទឹកមានសុវត្ថិភាព។ បន្ទាប់ពីជំនួបពិភាក្សានេះមក លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង បានអញ្ជើញប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទស្សនកិច្ចសិក្សានៅឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ដើម្បីស្ដាប់នូវរបាយការណ៍ និងពិនិត្យស្ថានភាពការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងចុះពិនិត្យផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលជាប្រជាពលរដ្ឋប្រភេទក្រ១ និងក្រ២ ដែលមានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្រាន់ផងដែរ។

This image has an empty alt attribute; its file name is 6-65-1024x682.jpg

អត្ថបទទាក់ទង