++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្តាល បានរៀបចំបឋកថាស្តីពី សភាពការណ៍របស់ជាតិ អន្តរជាតិ និងផ្សព្វផ្សាយប្រគល់សៀវភៅ «ហ៊ុន សែនកម្ពុជា» វគ្គ២ ចំនួន៥០០ក្បាល ជូនរដ្ឋបាលខេត្តកណ្តាល។ លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ «ហ៊ុន សែនកម្ពុជា» បានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលក្នុងនោះ ក៏បានបង្ហាញពីបទពិសោធន៍ស្តីពី ទំនាក់ទំនងជាតិ និងអន្តរជាតិ មានភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ជាពិសេសគឺបានរំលឹកឡើងវិញ អំពីគុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម។ លោកបានបន្តថា៖ សៀវភៅដែលត្រូវយកមកចែកជូននាពេលនេះ គឺក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមទៀត ដល់លោក លោកស្រី និងសិស្ស និសិត្ស នាពេលនេះ សូមជួយផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីជីវប្រវត្តិនឹងបំបាត់នូវភាពមន្ទិលសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិនៃការតស៊ូរបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគណៈកម្មការនិពន្ធ និងផ្សព្វផ្សាយ សៀវភៅ “ហ៊ុន សែន កម្ពុជា” ដែលបានយកចិត្តទុកដាក់ខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីស្រាវជ្រាវចងក្រងសៀវភៅ នេះឡើង ដើម្បីប្រជាជន និងអ្នកជំនាន់ក្រោយបានអានស្វែងយល់ពី “នយោបាយបង្រួបបង្រួម ផ្សះផ្សា អភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម” ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត ដែលបានទទួលសៀវភៅនេះនៅនឹងដៃ មេត្តាយកចិត្តទុកដាក់អាន ស្វែងយល់បន្ថែមទៅលើដំណើររឿងខ្សែជីវិត ដំណើរការស្វែងរកសុខសន្តិភាព និងផែនការអភិវឌ្ឍប្រទេសជា ដំណាក់កាលនីមួយៗនៅក្នុងសៀវភៅនេះ។ សៀវភៅដែលជាប្រវត្តិសាស្ត្រនេះ នឹងនាំមកនូវចំណេះដឹង និងព័ត៌មាន ដ៏មានតម្លៃសម្រាប់កូនខ្មែរជាអ្នកសិក្សាស្រាវជ្រាវគ្រប់ជំនាន់ យកជាគតិសម្រាប់ការពិចារណា និងរកដំណោះស្រាយ បន្ថែម ដើម្បីបន្តការដឹកនាំកសាងកម្ពុជាឲ្យរឹតតែមានតម្លៃ ជាទឹកដីសុវណ្ណភូមិ ជាគុណប្រយោជន៍ ដែលមិនចេះរីង ស្ងួត៕