ខេត្តកណ្តាល៖ឯកឧត្តម យិន ងួនកូឡេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំការពិនិត្យមើលមុខងារក្នុងវិស័យធនធានទឹកដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់លោក លោកស្រីជាអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម យិន ងួនកូឡេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លេងមករបស់ថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងមន្ត្រីរាជការ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តមបន្តថា៖ ធនធានទឹកគឺជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិនិត្យមើលឡើងវិញនូវការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក និងឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសពិនិត្យមើលលើមុខងារក្នុងវិស័យធនធានទឹកដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអោយទទួលបានជោគជ័យ និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបានបន្ថែមថា៖ការពិនិត្យមើលមុខងារក្នុងវិស័យធនធានទឹកដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺមានសារៈសំខាន់ក្នុងការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍបន្តលើប្រព័ន្ធធារាសាស្ត្ររបស់ សហគមន៍កសិករប្រើប្រាស់ទឹក ឱ្យមាននិរន្តរភាព ស្របតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងធានាបាននូវការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើដល់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ស្តាប់ នូវបទបង្ហាញចែករំលែកបទពិសោធន៍នានា ព្រមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ នៅក្នុងការគ្រប់គ្រងបញ្ហាប្រឈមក៏ដូចជាដំណោះស្រាយនានា ដើម្បីទទួលបានជោគជ័យ។ ឯកឧត្តមបានផ្តាំផ្ញើដល់លោក លោកស្រីថ្នាក់ដឹកនាំស្ថាប័ន មន្ទីរជំនាញខេត្តបន្តយកចិត្តទុកដាក់ អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យ និងសមិទ្ធផលថ្មីៗ បន្ថែមទៀត ជូនស្ថាប័នក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ៕