ខេត្តកណ្តាល៖រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់ក្រុមការងារកសាងផែនការ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកជុំវិញខេត្តកណ្តាលទាំងអស់ ត្រូវត្រួតពិនិត្យគ្រប់ផែនការនៃគម្រោងការអភិវឌ្ឍនានា ដែលជាធាតុចូលដើម្បីដាក់បញ្ចូលទៅក្នុងផែនការនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៤-២០២៦។ ឯកឧត្តមបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ខេត្តកណ្តាលឹ (២០២៤-២០២៦)នេះ ដោយបានកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ទុកជាមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីជារៀងរាល់ឆ្នាំ។ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម អនុវត្តទៅតាមការណែនាំក្នុងការផ្តល់ព័ត៌មាន បំពេញទម្រង់ផ្សេងៗ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បន្ថែមលើនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ដល់អ្នកចូលរួមក្នុងអង្គប្រជុំ ដោយបានចូលរួមជាគំនិត យោបល់នានា សម្រាប់ជាទុនក្នុងការ ពិនិត្យ និងផ្តល់យោបល់ ដើម្បីកែសម្រួល និងកែលម្អ លើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ អោយមានភាពកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបន្ថែមថា៖ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត គឺជាឯកសារផែនការមួយដ៏មានសារៈសំខាន់បំផុតដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែងសម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា ។ ឯកឧត្តម ក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមកែលម្អទៅតាមជំនាញ និងបទពិសោធន៍ឱ្យស្របតាមចក្ខុវិស័យ គោលបំណង និងគោលដៅនៃផែនការអភិវឌ្ឍន៍ខេត្តកណ្តាល ឆ្នាំ២០២៤-២០២៦ ទទួលបានជោគជ័យ។ បើតាមការបញ្ជាក់របស់ លោក មីន ឈុន ប្រធានមន្ទីរផែនការខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ ការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល របស់ខេត្តកណ្តាល (២០២៤-២០២៦)នេះ គឺដើម្បីអនុវត្ត តាមសេចក្តីណែនាំបច្ចេកទេស ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយត្រូវអនុវត្ត បី ជំហាន គឺជំហានទី១ ការប្រមូលធាតុចូល ជំហានទី២ ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគ និងជំហានទី៣ ការពិនិត្យ អនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ។ លោកបន្តថា៖ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ត្រូវអនុវត្តជាប្រព័ន្ធ គឺការណែនាំ ផ្សព្វផ្សាយត្រូវអនុវត្តពីថ្នាក់ខេត្ត ទៅថ្នាក់ក្រុង-ស្រុក ហើយថ្នាក់ក្រុង ស្រុក ត្រូវណែនាំផ្សព្វផ្សាយបន្តទៅថ្នាក់ឃុំ-សង្កាត់ ប៉ុន្តែសម្រាប់ដំណើរការរៀបចំបំពេញទម្រង់នានាត្រូវចាប់ផ្តើមពីថ្នាក់ឃុំ-សង្កាត់។ដូចនេះដើម្បីអោយដំណើរការស៊ីសង្វាក់គ្នា រវាងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការងារដែលត្រូវរៀបចំដំបូងគឺ ការរៀបចំកាលវិភាគការងារទៅតាមជំហាននីមួយៗ អោយបានស្របគ្នា៕