រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ។កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសាធារណៈការ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកល្វាឯម និងស្រុកកៀនស្វាយ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖ផ្អែកលើបច្ចេកទេសនៃការសិក្សាដោយក្រុមហ៊ុន និងក្រុមការងារអន្តរក្រសួង និងដោះស្រាយផលប៉ះពាល់អោយបានរួចរាល់ នៃផ្លូវប្រវែង៨គីឡូម៉ែត្រ ដែលឆ្លងកាត់ស្រុកកៀនស្វាយ និងស្រុកល្វាឯម។ ឯកឧត្តម អ៉ឹម សុទ្ធីរ៉ា បានលើកឡើងថា៖ ជាគោលការណ៍យើងមិនចង់ប៉ះពាល់ដីប្រជាពលរដ្ឋទេ បើសិនអាចបញ្ចៀសបាន ឬធ្វើលេីដីរបស់រដ្ឋដែលមាន ប៉ុន្តែដោយសារទីតាំងខ្លះ ការសិក្សាគម្រោង គឺចំបាច់ត្រូវតែឆ្លងកាត់សំណង់ ដែលជាទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលយើងត្រូវដោះស្រាយតាមអនុលោមគតិយុត្ត។ សូមបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់សូមចូលរួមសហការអោយបានរលូនដើម្បីការអភិវឌ្ឍក្នុងមូលដ្ឋានរបស់យើង និងអភិវឌ្ឍប្រទេសជាតិឱ្យឈានទៅទាន់សភាពការណ៍នឹងប្រទេសជិតខាងរបស់យើង ដែលគេមានផ្លូវតភ្ជាប់ខ្វាត់ខ្វែង ដើម្បីសម្រួលដល់បណ្ដាញដឹកជញ្ជូន ជំរុញដល់ការងារពានិជ្ជកម្ម ក្នុងនិងក្រៅតំបន់ដេីម្បីបម្រើនូវគោលដៅលេីកស្ទួយសេដ្ឋកិច្ច ប្រទេសជាតិរបស់យើង៕

អត្ថបទទាក់ទង