ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំកម្មវិធីបណ្តុះបណ្តាលជូនដល់ក្រុមការងារ នៅក្នុងគណៈកម្មការវាយតម្លៃជ័យលាភីថ្នាក់ក្រុងស្រុកទាំង១៣ អំពីនីតិវិធី ការវាយតម្លៃ ផ្ទៀងផ្ទាត់ និងដាក់ពិន្ទុបេក្ខភាព ភូមិ ឃុំ សង្កាត់ ដែលបានដាក់ពាក្យក្នុងការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ភិបាលរងស្រុក ក្រុង ក្នុងខេត្តកណ្ដាលចូលរួមផងដែរ ។ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្តាល បានឱ្យដឹងថា ការប្រឡង ប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌ លក្ខខណ្ឌសម្បតិទី៦ គឺនឹងបានចូលរួមជួយលើក ស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាព ថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។