រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល បានរៀបចំពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលមានប្រសាសន៍ថា៖ សម្រាប់ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា និងជាឆ្នាំទី៣ នៃការអនុវត្តផែនការ៥ឆ្នាំ ដំណាក់កាលទី១ (២០២១-២០៣០) បន្ទាប់ពីបានអនុវត្តបញ្ចប់នូវកម្មវិធីជាតិ១០ឆ្នាំ ដំណាក់កាលទី១ (២០១០- ២០២០) ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឲ្យដំណើរការ ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ហើយកម្មវិធីជាតិដំណាក់កាលទី២នេះ គឺជាផែនទបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់បន្ត និង ជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យ មើលឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវឲ្យកាន់តែច្បាស់លាស់រវាងក្រសួងស្ថាប័ន នៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនិមួយៗ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធ ភាព និងគុណភាពសេវាសាធារណៈ និងការរអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ដែលយើងទាំងអស់គ្នាត្រូវបន្តការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងធ្វើ កំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យក្នុងទឹកដីខេត្តកណ្តាល សំដៅចូលរួមចំណែកលុប បំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម។ឯកឧត្តមបានបន្តទៀតថា៖ ក្នុងការលើកកម្ពស់វិស័យសេវាសង្គម ជាមោទកភាពខេត្តកណ្តាលនឹងទទួលបាននូវជ័យ លាភីពានរង្វាន់ជើងឯកសេវាសង្គមចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមរាជធានី ខេត្ត គោលដៅ ទាំង៧ មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តក្រចេះ ដែលនឹងត្រូវរៀបចំពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ឆ្នាំ២០២២-២០២៣ នាពេលខាងមុខនេះ។ជាមួយនឹងការរីកចម្រើននូវផ្នែកសេដ្ឋកិច្ច សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខេត្តកណ្តាល កាន់តែមានភាពល្អប្រសើរ ថ្លៃថ្នូរ ធ្វើឱ្យខេត្តកណ្តាលសម្រេចបានជាខេត្តទី៣ ក្នុង ចំណោម២៥ រាជធានីខេត្ត ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដែលបាន ប្រារព្ធពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងត្រៀមប្រារព្ធពិធី ប្រកាសជាខេត្ត ODF Plus នៅពេលខាងមុខនេះផងដែរ។ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា៖ អង្គសិក្ខាសិលានាពេលនេះនឹងផ្តល់ឱកាសជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមពិនិត្យ និងឆ្លុះ បញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចគាំពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ និងជនងាយរងគ្រោះដូចជា ៖ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០)។តាមរបាយការណ៍របស់លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល សម្រេចបានលទ្ធផលក្នុងឆ្នាំ២០២៣រួមមាន៖១-បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍ប្រជាពលរដ្ឋអំពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការងារអប់រំសុខភាពស្ត្រី និងកុមារ ការចិញ្ចឹមកូនបែប វិជ្ជមាន ការកេងប្រវ័ញផ្លូវភេទតាមប្រព័ន្ធអនឡាញ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិ ភាព ចំនួន១១លើក (១១ក្រុង/ស្រុក) អ្នកចូលរួមសរុប ២,៨២០នាក់ ស្រី ២,១១៩នាក់។២-បានចុះសួរសុខទុក្ខ ផ្តល់ប្រឹក្សាយោបល់ និងផ្តល់ការគាំទ្រស្បៀងអាហារ និងថវិកាមួយ ចំនួនដល់គ្រួសារកុមារក្រោយសមាហរណកម្មពីមណ្ឌលថែទាំទៅគ្រួសារវិញ គ្រួសាររង គ្រោះ និងងាយរងគ្រោះ សរុបចំនួន ២៥លើក មាន១៤០គ្រួសារ មានមនុស្ស៨៦៦នាក់ ស្រី៥៣២នាក់ ក្នុងនោះកុមារ ២៣៧នាក់ ស្រី១៥៥នាក់។៣-បានចុះពិនិត្យដំណើរការអប់រំមត្តេយ្យសិក្សាសហគមន៍ ការអនុវត្តកម្មវិធីជំនួយសង្គម របស់ រាជរដ្ឋាភិបាល ការផ្តល់សេវាសុខភាពតាមមណ្ឌលសុខភាព ការងារទឹកស្អាត និងអនាម័យការងារកិច្ចការពារកុមារនៅតាមបណ្ដាឃុំ-សង្កាត់ នៃក្រុង-ស្រុកទាំង១៣ចំនួន ២០លើក។

អត្ថបទទាក់ទង