ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោកស្រី សុខ ឆវី អាយុ ២៥ឆ្នាំ ដែលបានរងគ្រោះបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុឆេះរោងចក្រ យីដា មានអាសយដ្ឋាននៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ លោក ទៀង សុគន្ធ សូមនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ជូនចំពោះក្រុមគ្រួសារជនរងគ្រោះដោយការសោកស្តាយ និងសេចក្តីក្រៀមក្រំជាទីបំផុត ។ លោកនាយកបន្តថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា ពិសេសនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋបានជួបប្រទះនូវជីវភាពលំបាកខ្វះខាត ឬជួបនូវគ្រោះមហន្តរាយផ្សេងៗ និងឧបទ្ទវហេតុដោយប្រការណាមួយ សម្តេចតែងណែនាំជាប្រចាំដល់មន្ត្រីទាំងអស់នៅក្រោមឱវាទចាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតជាបន្ទាន់ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម រួមមាន៖ ភាពមនុស្សធម៌ ,ភាពមិនលំអៀង ,អព្យាក្រឹតភាព ,ឯករាជ្យភាព ,សេវាកម្មស្ម័គ្រចិត្ត ,ឯកភាព និងសកលភាព ។ ក្នុងពេលជាមួយគ្នានេះផងដែរ លោកនាយកសាខា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ក៏បានសម្ដែងនូវការសោកស្ដាយ និងក្តីអាណិតអាសូរជាពន់ពេក ចំពោះហេតុការណ៍ដ៏សាហាវនេះ ដែលយើងទាំងអស់គ្នាមិននឹកស្មានថា វានឹងកើតមានឡើងនូវករណីបែបនេះចំពោះក្រុមគ្រួសារជនរងគ្រោះឡើយ។ សូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុនេះ បានកើតមានឡើង បណ្តាលឱ្យមានមនុស្សស្លាប់១នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅរោងចក្រយីដា ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សម្ភារ និងថវិកា ដែលសាខាបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ,ទឹកត្រី ២យួរ ,ត្រីខកំប៉ុង ២យួរ និងថវិកាចំនួន ១៥០ដុល្លារ ៕