++++++++++++ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ការជំរុញនេះធ្វើឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅ រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត អភិបាលក្រុង-ស្រុក និងលោក លោកស្រី មេឃុំ ចៅសង្កាត់ រួមទាំងអង្គភាពស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប នៅសាលប្រជុំខេត្តកណ្ដាល។លោកជំទាវ ហ៊ុន កុសនី បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទំហំប្រាក់ឧបត្ថម្ភថ្មី ដល់មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរឃុំ-សង្កាត់ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលផលពីកម្មវិធីនេះឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះ កុំឱ្យមានការយល់ច្រឡំណាមួយកើតឡើង។លោកជំទាវអភិបាលរងខេត្ត បានបន្តថា ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែង ចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតឱ្យនៅដដែល។លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន រយៈពេល១ឆ្នាំកន្លងមកក្នុងខេត្តកណ្តាលរួមមាន ៖ ១/កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ អ្នកទទួលផលចុះឈ្មោះចំនួន២,៥៤៧នាក់ ស្មើទឹកប្រាក់ចំនួន ១.៥៧០.៦០០.០០០រៀល។២/កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ គ្រួសារទទួល ផលបើកប្រាក់សរុបចំនួន ៣៦.០៤៤គ្រួសារ ក្នុងនោះក្រីក្រកម្រិត១ ចំនួន១២.៣០៨គ្រួសារ និងក្រីក្រ កម្រិត២ ចំនួន២៣.៧៣៦គ្រួសារ ប្រាក់ឧបត្ថម្ភសរុបចំនួន ៧០.៦៥២.២១២.០០០រៀល។ ៣/កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានីភ័យ ក្នុងពេលមានសម្ពាធអតិផរណា សរុប ចំនួន ៣២.០៤៦ គ្រួសារ សរុបទឹកប្រាក់ ៦.៥១៣.៤៩៣.៧០០រៀល ។ ៤/កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានីភ័យ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹក ជំនន់ សរុបចំនួន៤.៣០០គ្រួសារ សរុបទឹកប្រាក់ចំនួន៦៦៥.១៦៨.០០០រៀល។