ខេត្តកណ្ដាល៖ ផ្ទៃដីស្រូវប្រាំងចំនួន១៨៩៣ ហិតា ដែលប្រឈមការខ្វះទឹកស្រោចស្រព ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបូមទឹកដើម្បីស្រោចស្រពជូនដល់ប្រជាកសិករដែលកំពុងប្រឈមការខ្វះខាតទឹក នៅស្រុកកណ្ដាលស្ទឹង ឱ្យបានគ្រប់គ្រាន់។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបូមទឹកសង្គ្រោះស្រូវប្រាំង ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បូមទឹកស្រោចស្រពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវឱ្យស្រែរបស់ប្រជាពលរដ្ឋណាម្នាក់ខ្វះខាតទឹកស្រោចស្រពឡើយ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវធ្វើការសិក្សាស្ដារប្រឡាយ ស្ទឹង អូរ ដែលមានភូមិសាស្ត្រនៅក្នុងស្រុកកណ្ដាលស្ទឹង ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបញ្ជៀសនៅការខ្វះខាតទឹកប្រើប្រាស់នាឆ្នាំបន្តបន្ទាប់។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអោយដឹងថា៖ ក្នុងស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋដែលបង្កបង្កើនផលស្រូវរដូវប្រាំងសរុប ៣ ២៦០ គ្រួសារ ស្មើនឹង២ ០៨៣ ហិកតា ហើយបច្ចុប្បន្នផ្ទៃដី ដែលប្រឈមខ្វះខាទឹក ដើម្បីស្រោចស្រពចំនួន ១ ៨៩៣ ហិកតា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងតែបូមបញ្ចូលទឹកដាក់ក្នុងស្រែដោយមិនទាន់មានស្រូវខូចខាតនៅ ឡើយទេ។