ប្រទេសវៀតណាម៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តប៊ិញយឿង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅខេត្តបិញយឿង ប្រទេសវៀតណាម។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណ:ប្រតិភូមានប្រសាសន៍ថា៖ តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តបិញយឿងឱ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង និងសូមប្រសិទ្ធជ័យយពរ ជូនចំពោះមន្ត្រីរាជការ និងប្រជាជនខេត្តបិញយឿងទាំងអស់ សូមបានជួបតែសុភមង្គល និងវិបុលភាព។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ កណ្តាល-ប៊ិញយឿង នាឆ្នាំកន្លងមក ត្រូវបានពង្រឹងពង្រីក និងទទួលបាននូវសមិទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ក្រោមមាគ៌ា ដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសនិងខេត្តទាំងពីរ ដោយរក្សាបាននូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។នាឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ឆ្នាំ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ តាំងនាមក្រុមប្រឹក្សាខេត្ត, គណៈ អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាជនខេត្តកណ្តាល សូមជូនពរដល់ ថ្នាក់ដឹកនាំលេខាបក្សខេត្តប៊ិញយឿង, ក្រុមប្រឹក្សាប្រជាជនខេត្តប៊ិញយឿង, រណសិរ្សមាតុភូមិវៀតណាមខេត្តប៊ិញយឿង, គណៈកម្មាធិការប្រជាជនខេត្ត, កម្មាភិបាល, កងកម្លាំងប្រដាប់អាវុធ និងប្រជាជនការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិទូទាំងខេត្តប៊ិញយឿងទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៏ មានសេចក្តីសុខ សុភមង្គល និងទទួលបាននូវជោគជ័យគ្រប់ភារកិច្ច។ឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តប៊ីងយឿង ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។