រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋដែលជាកម្មករសំណង់រងគ្រោះដោយសារបាក់រន្ឋាសង់ផ្ទះ នៅស្រុកលើកដែក

+++++++++++++++++ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាបាទក្រហមខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដែលជាកម្មករសំណង់ បានរងគ្រោះថ្នាក់ដោយសារឧបទ្ទវហេតុបាក់រន្ឋាសង់ផ្ទះ រហូតធ្លាក់ខ្លួនពិការភាពដេកដួលនឹងកន្ទេល អស់រយៈពេលជាង១ខែ មានសមាជិកក្នុងបន្ទុកសរុប ៦នាក់ មានឪពុកម្តាយចាស់ជរាផង និងមានកូនស្រី១នាក់ពិការជើងទាំង២ ហើយជីវភាពក្រីក្រ រស់នៅភូមិព្រែកតាទួន ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករឭក។ លោកនាយកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង ហើយបានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់នៅថ្នាក់មូលដ្ឋានត្រូវយកចិត្តទុកដាក់ពិនិត្យមើលពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ ជាក់ស្តែងដូចក្នុងករណីប្រជាពលរដ្ឋមានជីវភាពខ្វះខាត ហើយជួបគ្រោះថ្នាក់នាឱកាសនេះជាដើម ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ប្រពៃណី ឬនិន្នាការនយោបាយអ្វីឡើយ។ អំណោយមនុស្សធម៌ ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ឃីត ១កញ្ចប់ និងថវិកាចំនួន ៤០ម៉ឺនរៀល។ ជាមួយគ្នានេះ សមាគមមិត្តដើម្បីមិត្ត ក៏បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ១០ម៉ឺនរៀល។សូមបញ្ជាក់ជូនថា គ្រួសារក្រីក្រដែលទទួលរងគ្រោះថ្នាក់ហើយធ្លាក់ខ្លួនពិការភាពនេះ ក្នុងរយៈពេលកន្លងមក ក៏បានទទួលការឧបត្ថម្ភជាសម្ភារ និងថវិកាពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកលើកដែក និងសប្បុរសជនមួយចំនួនផងដែរ៕

អត្ថបទទាក់ទង