+++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួនមួយភូមិគឺភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានក្បាលដីចំនួន១,៤២៥ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាលបានឱ្យដឹងដែរថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។
ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល១៥ (គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក ដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ថ្លែងក្នុងឱកាសនោះលោក លីវ វណ្ណថេង អភិបាលរងស្រុកកៀនស្វាយ បានមានប្រសាសន៍លើកឡើងថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ ម្យ៉ាងវិញទៀតក្នុងរយៈពេល១៥ថ្ងៃនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះ។ លោកអភិបាលរងស្រុក ក៏បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយអោយបានគ្រប់ម្ចាស់ក្បាលដី។