++++++++++ខេត្តកណ្ដាល៖ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវក្តីអានិតអាសូរចំពោះជនមានវិបល្លាស្មារតី និងបានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារ ដែលមានសមាជិកមានវិបល្លាស្មារតី។ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រួសារមានសមាជិកមានវិបល្លាស្មារតីមិនត្រូវបោះបង់ពួកគាត់ចោលនោះឡើយ ត្រូវប្រឹងប្រែងមើលថែពួកគាត់ បើក្នុងករណីខ្វះលទ្ធភាពមើលថែ ត្រូវទាក់ទងមជ្ឈមណ្ឌលយកសមាជិកមកឱ្យមជ្ឈមណ្ឌលជួយថែទាំ និងព្យាបាលពួកគាត់។ឯកឧត្ដម ជា សុមេធី បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាល និងចុះសួរសុខទុក្ខជនវិបល្លាសស្មារតី នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតី នៅឃុំបាគូ ស្រុកកណ្ដាលស្ទឹង ផ្សារភ្ជាប់និងទិវាក្ដីស្រឡាញ់ ១៤កុម្ភៈ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ ក្រសួង ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ ។
ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាលចាស់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលជាគោលនយោបាយសម្រាប់ជួយប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ។នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្បុរសជននានា ដែលបានរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់នានា សម្រាប់ទ្រទ្រង់ដល់មជ្ឈមណ្ឌល ។
ហើយឯកឧត្តម ក៏បានអំពាវនាវផងដែរ ដល់សប្បុរសជនជិតឆ្ងាយ សូមចូលរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ជាមួយមជ្ឈមណ្ឌលបន្តទៅទៀត ដើម្បីជួយថែទាំ និងព្យាបាលពួកគាត់ ឱ្យបានជាសះស្បើយអាចរស់នៅ ជុំជាមួយគ្រួសារ និងសង្គមជាតិបាន។បន្ទាប់ពីកិច្ចសំណេះសំណាលរួចហើយ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមន្ត្រីរាជការ បានអញ្ជើញពិនិត្យដោយផ្ទាល់កន្លែងស្នាក់នៅរបស់ជនមានវិបល្លាស និងបានផ្តល់ក្តីស្រឡាញ់ដោយរៀបចំអាហារ ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់នានាជូនជនមានបញ្ហាស្មារតី ដែលកំពុងរស់នៅ និងព្យាបាលនៅមជ្ឈមណ្ឌល។សូមជម្រាបផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌល មានអគារចំនួន៥ រួមមាន៖ អគាររដ្ឋបាលពីរជាន់ អគារជនវិបល្លាសស្មារតី និងស្តារនីតិសម្បទា, អគារជនវិបល្លាសស្មារតីផ្នែកបុរស, អគារជនវិបល្លាសស្មារតីផ្នែកស្ត្រី និងអគារអាហារដ្ឋាន។ មជ្ឈមណ្ឌលមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅសរុបចំនួន ២៤០នាក់ ស្រី ៩៣នាក់។ ជនវិបល្លាសដែលមានស្ថានភាពប្រសើរ ៧៦នាក់ ស្រី ១៤នាក់ ស្ថានភាពមធ្យមមានចំនួន ១៤៩នាក់ ស្រី ៧៣នាក់ និងស្ថានភាពធ្ងន់ធ្ងរ មានចំនួន ១៥នាក់ ស្រី ៦នាក់។