++++++++++-++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បាន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាផ្ដល់ធាតុចូលលើប្រធានបទការផ្តល់សេវាសាធារណៈ និងការលើកកម្ពស់ប្រសិទ្ធភាពការងារបច្ចេកវិទ្យាឌីជីថល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ ស្របតាមនិន្នាការពិភពលោក ការកសាងរដ្ឋាភិបាលឌីជីថលគឺជារបៀបវារៈដ៏សំខាន់ក្នុងការជំរុញកំណែទម្រង់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតបរិយាកាសអំណោយផលដល់ ការជំរុញការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាបន្ន ហើយនិន្នាការនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលមានការវិវត្តប្រសើរឡើង ជាលំដាប់នៅគ្រប់តំបន់ក្នុងពិភពលោក។
ឯកឧត្តមបានបន្តទៀតថា៖ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលត្រូវបានកំណត់ជាគោលដៅអាទិភាពសំខាន់ក្នុងផែនការមេ ឌីជីថល អាស៊ានឆ្នាំ២០២៥ ជាមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈឌីជីថល តាមតម្រូវការរបស់ប្រជាពលរដ្ឋនៃ ប្រទេសក្នុងតំបន់ ដែលមានគុណភាពខ្ពស់ និងឆ្លើយតបតាមការចង្អុលបង្ហាញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ។ ការកសាងរដ្ឋាភិបាល ឌីជីថល ជាសសរស្ដម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញល្បឿនក្នុងការកសាងពលរដ្ឋនិង ធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលទាំងមូល ហើយរដ្ឋាភិបាលឌីជីថល គឺជាការរៀបចំប្រព័ន្ធអភិបាលកិច្ច ការកែលម្អ និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណ: តាមរយៈការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងស្ថាប័នលើការគ្រប់គ្រង និងរចនាសម្ព័ន្ធ ដែលនាំឱ្យប្រជាពលរដ្ឋ និងធុរកិច្ចចាប់យកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព ការបើកចំហ ក៏ដូចជាជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា៖ នាពេលបច្ចុប្បន្នប្រព័ន្ធព័ត៌មានឌីជីថល និងការគ្រប់គ្រងទិន្នន័យដែលត្រូវបានអភិវឌ្ឍនៅតាម ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានលក្ខណ:ដាច់ដោយឡែកពីគ្នា ទោះស្ថិតក្រោមស្ថាប័នតែមួយ ឬរវាងស្ថាប័នផ្សេងគ្នាក៏ដោយ ហើយការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលគឺជាការចាំបាច់និងបន្ទាន់សំដៅដោះស្រាយបញ្ហា ប្រព័ន្ធព័ត៌មានឌីជីថលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អភិបាលកិច្ចទិន្នន័យ និងមូលធនមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថល ក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមឱ្យមានភាពស៊ីសង្វាក់គ្នា។