++++++++ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមុខកំពូល នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក យកចិត្តទុកដាក់ ដោះស្រាយបញ្ហា ប្រឈមមួយចំនួន ពាក់ព័ន្ធសភាពការណ៍បទល្មើស អំពើជួញដូរ ការចែកចាយ និងការ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់, អំពើជួញដូរមនុស្ស, ជួញដូរពលកម្ម, ជួញដូរផ្លូវភេទ, ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ, បទល្មើសបច្ចេកវិទ្យា និងអំពើឆបោកតាមអនឡាញ, ការគ្រប់គ្រងជនបរទេស, ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក, បញ្ហាក្មេងទំនើង ជាដើម។ ឯកឧត្តមបន្តថា៖ អាជ្ញាធរស្រុកត្រូវខិតខំបង្កើនសកម្មភាព បង្ការ ទប់ស្កាត់ ព្រមទាំងស្រាវជ្រាវរកឱ្យឃើញ និងបង្ក្រាប បទល្មើសដែលកើតឡើងឱ្យបានទាន់ពេល វេលា ជាពិសេសអំពើលួច ឆក់ ប្លន់ អំពើ ឃាតកម្ម អំពើបង្ខាំងមនុស្សជំរិតទារប្រាក់ អំពើជួញដូរមនុស្សតាម គ្រប់ទម្រង់ ល្បែង ស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាព សំដៅធ្វើឱ្យបទល្មើសមានការថយចុះបន្ថែមទៀត និងត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអប់រំ ការរៀបចំវេទិកាសាធារណ: ដើម្បីទទួល សំណើ សំណូមពរផ្សេងៗ សំដៅកៀរគរការ ចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ ស្រទាប់ ជាន់ថ្នាក់ ក្នុងការអនុវត្តឱ្យបានសម្រេចជោគជ័យគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ពេលវេលានេះមិនមែនជាពេលដែលត្រូវយកចិត្ត ទុកដាក់ ក្នុងការពង្រាយទីតាំង ល្បែងនោះទេ! ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់និងម៉ត់ចត់ និងត្រឹមត្រូវតាមបទបញ្ជារបស់សម្ដេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕