++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំបូកសរុបនេះ បានប្រព្រឹត្តនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទ។លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា កិច្ចប្រជុំបូកសរុប ពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រមទាំងបានចែករំលែក និងប្រមូលធាតុចូល និងពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ដោយពិនិត្យ និងវាយតម្លៃលើ បញ្ហា ការប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយ។លោកជំទាវ បានបន្តទៀតថា ក្នុងចំណោមសមិទ្ធផលសម្រេចបានជាច្រើនរបស់មន្ទីរអភិវឌ្ឍន៍ជនបទក្នុងនោះសមិទ្ធផលដែលលេចធ្លោលើសពីការរំពឹងទុក គឺខេត្តកណ្ដាលបានសម្រេចជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) មុនផែនការកំណត់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះបើតាមដឹងព័ត៌មានបឋម ខេត្តកណ្តាល គ្រោងនឹងឈានទៅសម្រេចបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) មួយកម្រិតថែមទៀតនៅដើមឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាពដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមអភិបាលរងខេត្ត បានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈវិស័យសំខាន់ៗចំនួន៤ដូចជា (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (២). ការងារផ្ដល់សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជន (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។