++++++++++++ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៥០ទីតាំង នៅទូទាំងខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណ ៧០០នាក់ ។
ថ្លែងក្នុងពិធីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដោយស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល បច្ចេកវិទ្យាឌីជីថលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ឯកឧត្តមបានបន្តទៀតថា៖ រដ្ឋាភិបាលឌីជីថលជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរ ទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឲ្យរៀបចំ លំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រងការបែងចែកដំណើរការ និងការតាមដានលើការងារ ប្រកបដោយតម្លាភាព គណនេយ្យភាព និងសមធម៌ ជោគជ័យនៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បង សម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយគឺការបម្រើសេវាសាធារណៈតាម តម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងដំណើរការនៃបរិវិត្តកម្មឌីជីថលត្រូវបាននាំ មុខដោយការកសាងរដ្ឋាភិបាលឌីជីថលដែលមានសសរស្ដម្ភសំខាន់ទាំង៣គឺពលរដ្ឋឌីជីថល រដ្ឋាភិបាល ឌីជីថល និងធុរកិច្ចឌីជីថល សម្រាប់ជម្រុញធុរជន និងប្រជាពលរដ្ឋ ឲ្យចាប់យកបច្ចេកវិទ្យាឌីជីថល ប្រកបដោយភាពជឿទុកចិត្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលលើការងារសាងសង់បង្គោលអង់តែនបន្ថែម រហូតឈានដល់ការការដ្ឋានសាងសង់ក្នុងថ្ងៃនេះ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តកណ្ដាល និងទៅកាន់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា និងទទួលបានលទ្ធផលកាន់តែប្រសេីរនៅឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល៖ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង ពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលបានបង្កើតក្រុមការងារក្រសួង សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល បានចុះត្រួតពិនិត្យស្ថានីយ៍អង់តែនដែលកំពុង ដំណើរការក្នុងខេត្តកណ្តាល បច្ចុប្បន្នមានចំនួន៧៩០ស្ថានីយ៍ និងបានធ្វើការសិក្សាអំពីតំបន់ដែលពុំទាន់ មានសេវាទូរសព្ទចល័តទៅដល់ដើម្បីកំណត់បាននូវទីតាំងសម្រាប់ធ្វើការសាងសង់ស្ថានីយ៍បន្ថែម ជាក់ ស្តែងនៅថ្ងៃនេះយើងបាននិងកំពុងបើកការដ្ឋានសាងសង់ស្ថានីយ៍អង់តែន១កន្លែង ដំណាងឲ្យ១៥០ ទីតាំងនៅទូទាំងខេត្តកណ្តាល និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល ដែលបានខិតខំលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយរដ្ឋ បាលខេត្ត និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្នុងការជម្រុញវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងខេត្តកណ្តាល។