++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែនអភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានក្នុងស្រុកស្អាង ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីត្រួតពិនិត្យទីតាំង និងមានវិធានការបិទជាបន្ទាន់ មិនមានបន្តអោយបើកអាជីវកម្មតទៅទៀត។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះតាមបណ្ដាមូលឃុំទាំងអស់ ដើម្បីស្រង់សតិទីតាំង និងប្រភេទល្បែងស៊ីសងអោយបានច្បាស់លាស់ និងបង្ក្រាបទីតាំងល្បែងស៊ីសងណា ដែលគ្មានច្បាប់ការអនុញ្ញាត្តត្រឹមត្រូវឲ្យអស់ និងបិទជាបន្ទាន់មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗបន្តទៀតនោះទេ។ឯកឧត្តមបន្តថា៖ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងល្បែងស៊ីសងនេះដែរ បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់ចេញ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលេងល្បែងតាមអនឡាញ ព្រោះការលេងល្បែងនេះវាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ខ្លាំងណាស់ បង្កការប្រើអំពើហិង្សា និងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលផងដែរ បញ្ហាចោរកម្ម ប្លន់ លួចជាដើម ដែលនេះជាបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋកុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់ នោះមានច្បាប់ក៏ដោយ។ក្នុងឱកាសនោះឯកឧត្តមបានស្នើដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវអនុវត្គគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឲ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ក្មេងទំនើង គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕