ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញនិង លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ និងអាជីវករ ត្រូវរួមគ្នាសម្អាតបរិស្ថានក្នុងទីក្រុង ឱ្យបានស្អាត បញ្ឈប់រាល់ការចោលសំរាមពាសវាលពាក្យកាលគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ជាពិសេសអាជ្ញាធរក្រុងតាខ្មៅ ត្រូវពន្យល់ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីការសម្អាតបរិស្ថាន ការទុកដាក់សំរាម ដើម្បីចូលរួមក្នុងការប្រឡងប្រណាំង ទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់ល្អនាពេលខាងមុខ។ការជំរុញនេះធ្វើឡើង ក្នុងពិធីបញ្ច្រៀបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ទីក្រុងស្អាត ដើម្បីទេសចរណ៍" នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សជាង ៥០០នាក់។ក្នុងពិធីនេះ ឯកឧត្តម ឌឹម ប៉ូរ៉ា បានជំរុញដល់ អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តខិតខំរៀបចំផែនការរៀបចំទីក្រុង និងតាមសង្កាត់ឱ្យមានបរិស្ថានល្អមានធុងសំរាមគ្រប់គ្រាន់ ជាពិសេសក៏ត្រូវគិតគូរទៅលើការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈមានសួនច្បារ ផ្សារ សាលារៀន ត្រូវយកចិត្តទុកដាក់លើការរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវ រាល់ការតាំងបង្ហាញ ឬលក់លើចិញ្ចើមផ្លូវត្រូវកំណត់ ឱ្យបានសមស្របមានរបៀបរៀបរយល្អ។ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូ-អ្នកគ្រូ សូមបំផុសការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ពិសេសសិស្សានុសិស្សតាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ឱ្យចូលរួមក្នុងការការពារសម្អាតបរិស្ថាននៅជុំវិញខ្លួន ដោយចេះទុកដាក់សំរាមកាកសំណល់ ឱ្យបានត្រឹមត្រូវ។លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានលើកឡើងថា ដោយមានខិតខំប្រឹងប្រែងពីរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានធ្វើឱ្យការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ធ្វើឱ្យក្រុងតាខ្មៅបានជាប់ជាក្រុងជ័យលាភីមានសុពលភាពឆ្នាំ២០២០-២០២២ ។ លោកបន្តថា ក្នុងការចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត ដែលរៀបចំដោយក្រសួងទេសចរណ៍ នៅឆ្នាំ២០១៥ ក្រុងតាខ្មៅទទួលបានពានផ្ការំដួល ២ទង នៅឆ្នាំ២០១៨ ទទួលបានពានផ្ការំដួល ២ទង និងនៅឆ្នាំ២០២១ ទទួលបានពានផ្ការំដួល ២ទង ។